រាជធានីភ្នំពេញ, នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា គ.ស. ២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួម សិក្ខាសាលាផ្សព្វផ្សាយ ក្រោមប្រធានបទ “ការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។ សិក្ខាសាលាផ្សព្វផ្សាយនេះដែរ ធ្វើឡើងនៅអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ និងមានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖
១-ការពង្រឹងការអនុវត្តច្បាប់៖ លើកកម្ពស់ការគ្រប់គ្រងអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទឱ្យស្របតាមច្បាប់ សំដៅទប់ស្កាត់រាល់សកម្មភាពល្មើស និងបទល្មើសបច្ចេកវិទ្យា
២-ការប្រយុទ្ធប្រឆាំងអំពើឆបោក៖ ដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការតឹងរ៉ឹង ដើម្បីការពារកម្ពុជាពីការក្លាយជាទីតាំង ឬគោលដៅនៃក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ (Cyber Scams)
៣-កិច្ចសហការ៖ ជំរុញកិច្ចសហការរវាងស្ថាប័នរដ្ឋ និងប្រតិបត្តិករល្បែងពាណិជ្ជកម្មស្របច្បាប់ ក្នុងការចែករំលែកព័ត៌មាន និងបង្ក្រាបការលួចលាក់ធ្វើអាជីវកម្មខុសច្បាប់៕